ចំនួន​ផលិត iPhone X អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត ស្រប​ពេល​ដែល​តម្រូវ​ការ​ទិញ​នៅ​តែ​មាន​សំទុះខ្លាំង!


នាក្នុងឆ្នាំនេះ Apple ពិតជាធ្វើឱ្យពិភពលោកជ្រួលច្របល់ខ្លាំងមែនទែន ក្នុងការបញ្ចេញ ស្មាតហ្វូន iPhone X ដែលមានចំណុច លេចធ្លោច្រើន និងដំណើរទៅរកស្មាតហ្វូន ដែលគ្មានគែមអេក្រង់ នាពេលអនាគត ហើយវាក៏ជាស្មាតហ្វូន ដែលលក់ដាច់ខ្លាំង នៅជុំវិញពិភពលោកផងដែរ ដោយទទួលការកុម្ម៉ង់ និងទិញ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយប្រិយមិត្តប្រាកដជាដឹង ហើយថា ចំនួននៃការលក់របស់ iPhone X គឺមានស្តុកកំណត់ ព្រោះវាជាស្មាតហ្វូន ផលិតឡើងដើម្បី អបអរខួប ១០ ឆ្នាំរបស់ iPhone តែប៉ុណ្ណោះ។
ចំនួននៃការលក់របស់ iPhone X គឺមានសំទុះខ្លាំងក្លាមែនទែន នៅក្នុងរយៈពេលប៉ុន្មាន សប្តាហ៍នេះ ក្រោយពីបាន ដាក់កុម្ម៉ង់ និងដាក់លក់ជាផ្លូវការ ដោយកាលពីពេល កន្លងទៅ iPhone X បានដាក់ឱ្យកុម្ម៉ង់អស់ ភ្លាមៗតែម្តង នៅទីផ្សារប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិច។ ហើយចំនួនដែលកំណត់ ឱ្យកុម៉្មង់ទិញក្នុង រយៈពេល ៥-៦សប្ដាហ៍ ត្រូវបានកុម៉្មង់ទិញ អស់ត្រឹមតែរយៈពេល ប៉ុន្មាននាទីប៉ុណ្ណោះ។
បើយោងតាមទិន្នន័យរបស់ KGI បានឱ្យដឹងថា ចំនួននៃការលក់ចេញរបស់ iPhone X ចន្លោះចាប់ពី ៤៥០, ០០០ ទៅដល់ ៥៥០,០០០ គ្រឿងក្នុងមួយថ្ងៃ និងអាចកើនឡើង ៥០,០០០-១៥០,០០០ គ្រឿងបន្ថែមទៀត ពីលើនេះទៀត។ KGI បាន បញ្ជាក់ ផងដែរថា កាលពីថ្ងៃដែល ដាក់លក់ iPhone X ដំបូង Apple មានស្តុក ចំនួនត្រឹមតែ ២ ទៅ ៣ លានគ្រឿងតែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែ តម្រូវការទិញរបស់វាច្រើន ដូចនេះត្រូវបង្ខំឱ្យ Apple ផលិតវាកាន់តែលឿន និងច្រើនជាង មុនទ្វេរដង។
ដូចនេះបញ្ចាក់ឱ្យឃើញថា ចំនួននៃការផលិត iPhone X អាចនឹងកើនឡើងច្រើន ជាងអ្វីដែល Apple បានប្រកាសថា ផលិតវាត្រឹមតែ ១៣០ លានគ្រឿនប៉ុណ្ណោះ។ អញ្ចឹងនៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Apple អាចនឹងផលិតវា លក់កាន់តែ ច្រើនជាង ឆ្នាំនេះទៅទៀត ប៉ុន្តែវាក៏អាចនឹងមាន បញ្ហាខ្លះផងដែរ ព្រោះការដុសខាត់ ផលិត iPhone X មួយគ្រឿងៗ ចំណាយពេលវេលាច្រើន និងប្រើប្រាស់គ្រឿង បន្លាស់មានគុណភាពខ្ពស់ និងពិបាករកទិញ ពីក្រុមហ៊ុន ដទៃផងដែរ។

Comments